ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជំនួបប្រចាំឆ្នាំរបស់អតីតជ័យលាភីអាហារូបករណ៍ Chevening

admin By admin September 4, 2026

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជំនួបប្រចាំឆ្នាំរបស់អតីតជ័យលាភីអាហារូបករណ៍ Chevening ដែលរៀបចំឡើងដោយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពព្រីនថីនប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា អតីតនិស្សិតអាហារូបករណ៍ និងជ័យលាភីអាហារូបករណ៍ថ្មីៗ ជាច្រើនរូប នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរាជទូត។

ថ្លែងក្នុងឱកាសនៃជំនួបប្រកបដោយភាតរភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃចក្រភពព្រីនថីន និងស្ថានទូតប្រចាំប្រទេសកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តល់អាហាររូបករណ៍ Chevening នេះដល់សិស្សនិស្សិតកម្ពុជាដែលត្រឡប់មកវិញប្រកបដោយគុណភាព និងសមត្ថភាព ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជវភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងចក្រភពព្រីនថីន និងកម្ពុជាដែលមានរយៈពេលជាង ៧៣ឆ្នាំកន្លងមកឱ្យកាន់តែរីកដុះដាលលើគ្រប់វិស័យបន្ថែមទៀត។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូត និងឯកឧត្តមឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ក៏បានចូលរួមប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ដល់ជ័យលាភីថ្មីៗ ចំនួន៩ (ប្រាំបួន) រូប និងបានជូនពរឱ្យបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *