រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ
រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា
ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ ។
ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយរបស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ថារាជរដ្ឋាភិបាលមិនមានការកាត់ចំណាយលើវិស័យទាំងនេះ ដើម្បីទៅបង្កើនថវិកាសម្រាប់វិស័យការពារជាតិនោះទេ។ ផែនការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល បន្តកើនឡើងនៅឆ្នាំ២០២៦ និងនៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យអប់រំ និងសុខាភិបាលនោះទេ ព្រោះរាជរដ្ឋាភិបាលនៅតែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ។ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់ មិនទាន់មានភាពចាំបាច់ក្នុងការដកកញ្ចប់ថវិកាពីវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចនោះទេ។ វិស័យការពារជាតិ មិនមែនការពារត្រឹមមួយថ្ងៃនោះទេ ការការពារជាតិត្រូវប្រើប្រាស់រយៈពេលយូរអង្វែង ដរាបណាប្រទេសកម្ពុជា នៅតែជាប្រទេស, ការការពារជាតិត្រូវតែធ្វើ, ការការពារបូរណភាពទឹកដី, ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ត្រូវតែធ្វើជាប្រចាំ។ ដូចនេះការកសាង និងការការពារជាតិរឹងមាំអាស្រ័យលើមនុស្សរឹងមាំ ហើយធនធានមនុស្សរឹងមាំ អាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច។
មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការកែប្រែសហគមន៍ទេសចរណ៍លម្អបៃតងខ្នងផ្សារ ឱ្យមានលទ្ធភាពប្រកបមុខរបរបម្រើសេវាកម្មទេសចរណ៍ធម្មជាតិ ដើម្បីទទួលបានសក្កានុពលទេសចរណ៍ដែលនឹងត្រូវធ្វើជាម្ចាស់ក្នុង ចូលរួមថែរក្សា អភិវឌ្ឍ និងផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ។ គោលដៅយ៉ាងសាមញ្ញារបស់រាជរដ្ឋាភិបាល គឺការបង្រៀនសហគមន៍ទេសចរណ៍នៅមូលដ្ឋានឱ្យបំពេញសេវាកម្ម និងមុខរបររបស់ខ្លួន ដោយខ្លួនឯង ហើយនឹងក្លាយជាអ្នកទទួលផលពីសហគមន៍ផង និង ថែរក្សាផង ព្រមទាំងនឹងរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានផង សំដៅធានានិរន្តរភាព និងស្ថិរភាពបៃតង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡា ជាការងារគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនធានមនុស្សពិតប្រាកដ, ពលរដ្ឋត្រូវមានទាំងចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់ផ្តាច់ពីសកម្មភាពអប់រំកាយ និងកីឡា។ ជាលទ្ធផល, វិស័យអប់រំកាយ និងកីឡា បានក្លាយជាវិស័យឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន ឆ្លុះបញ្ចាំងតាមរយៈការទទួលបានជ័យជម្នះពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងការប្រកួតកីឡាផ្សេងៗ ជាច្រើនទៀត។
