សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជសុខភាពព្រះករុណាព្រះមហាក្សត្របានប្រសើរឡើងវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការ ដោយសម្តេចបានបញ្ជាក់អំពីព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ បានធូរស្បើយឡើងវិញហើយ។
យោងតាមសារដែលបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះបានបញ្ជាក់ថា នៅម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំ បានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ រយៈពេលប្រមាណ៨នាទី។
ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។
តាមរយៈខ្ញុំព្រះករុណា ខ្ញុំព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕

