សម្ដេចធិបតី៖ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម ជាអាទិភាពចម្បង និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម. ក្រោមឥណទានសម្បទានប្រមាណ ៤៤លានដុល្លារ របស់ធនាគារពិភពលោក, នៅខេត្តក្រចេះ។
ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម ជាអាទិភាពចម្បង និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនការតភ្ជាប់ ដែលនឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ, រាជរដ្ឋាភិបាលគ្រោងកសាងកំពង់ផែពហុបំណងនៅខេត្តក្រចេះ ដើម្បីដឹកជញ្ជូនកសិផលតាមដងទន្លេមេគង្គ ឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់តាមព្រែកជីកហ្វូណនតេជោ ព្រមទាំងបន្តសិក្សាបើកច្រកទ្វារព្រំដែនថ្មីៗបន្ថែមទៀតជាមួយប្រទេសជិតខាង (វៀតណាម និងឡាវ)។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងបន្តផ្តល់អាទិភាពខ្ពស់លើការកសាងផ្លូវ ស្ពាន និង ប្រព័ន្ធភស្តុភាកម្ម ដើម្បីលើកកម្ពស់ និងផ្តល់ប្រយោជន៍ជូនដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ដែលនេះ គឺសរបញ្ជាក់ច្បាស់អំពីនិរន្តរភាពនៃគោលនយោបាយជាតិ។
ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកឡើងអំពីវឌ្ឍនភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) ឆ្នាំ២០២៥-២០២៨» ដែលទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២,៧ ប៊ីលានដុល្លារ និងគ្រោងប្រើប្រាស់កម្លាំងពលកម្មជាង ៨ ម៉ឺននាក់។ ដើម្បីគាំទ្រដល់ការវិនិយោគ និងទាក់ទាញរោងចក្រក្នុងតំបន់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។
ពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈ, សម្ដេចធិបតីបានបញ្ជាក់ឡើងវិញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់យកអភិក្រម «ពង្រឹង ជាជាងពង្រីក» ដោយត្រូវ៖ ១) ពង្រឹងរចនាសម្ព័ន្ធ, ២) ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និង ៣) ពង្រឹងធនធានមនុស្ស តាមរយៈការផ្តោតលើការធ្វើវិភាគមុខងារ, ពង្រឹងរចនាសម្ព័ន្ធ, ពង្រឹងសមត្ថភាពធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យា។ សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយ ឬបង្កើនចំនួនក្រសួងស្ថាប័ននោះទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ត្រូវធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែង និងអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដោយរក្សាចំនួនក្រសួងស្ថាប័នក្នុងចំនួនដដែល ប៉ុន្តែផ្តោតលើការរៀបចំ និងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នដែលមានស្រាប់ ក្នុងការបម្រើប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ, រាជរដ្ឋាភិបាលស្វាគមន៍រាល់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្នុងដំណើការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្អែកលើការពង្រឹងក្រសួងស្ថាប័នដែលមានស្រាប់។
ព្រមជាមួយគ្នានេះ, សម្ដេចធិបតីបានរំលឹកថា ភាពធន់នៃសង្គម-សេដ្ឋកិច្ច ទាមទារឱ្យមានការរៀបចំគ្រប់ជ្រុងជ្រោយលើកត្តាមនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, គោលនយោបាយដីធ្លី, ធនធានហិរញ្ញវត្ថុ, បច្ចេកវិទ្យា, និងស្ថាប័ន តាមរយៈការបន្តកែទម្រង់រដ្ឋបាលសាធារណៈ, ប្រព័ន្ធតុលាការ និងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឡើងជាច្រើនអាណត្តិមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលជាគោលនយោបាយធានានូវភាពធន់, ចីរភាព និងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ស្របតាមការទុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានណែនាំដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់លើសុវត្ថិភាព និងជីវិតជាចម្បង។ សម្ដេចធិបតីក៏បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និង ប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងបានណែនាំឱ្យពិនិត្យមើលការវិភាជន៍ថវិកាជួសជុលថែទាំផ្លូវថ្នល់នៅតាមភូមិ-សង្កាត់ ដើម្បីធានាអាយុកាលប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ, សម្ដេចធិបតីបានជំរុញឱ្យយុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។
ជាទីបញ្ចប់, សម្ដេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតីបានស្នើធនាគារពិភពលោកបន្តគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), វិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម, ទេសចរណ៍, កម្មន្តសាល, សុខាភិបាល, និងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព សំដៅបង្កើនការងារ នាំចូលបច្ចេកវិទ្យា និងជំរុញការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ៕
