ម្មវិធី “Race Across the World” បានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅនៃការប្រកួត ដែលជាឱកាសដ៏មានតម្លៃក្នុងការនាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា
ខេត្តសៀមរាប៖ កម្មវិធី “Race Across the World” បានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅនៃការប្រកួត គឺជាឱកាសដ៏មានតម្លៃក្នុងការនាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅបង្ហាញដល់ទស្សនិកជនជុំវិញពិភពលោក។»
ឆ្លៀតឱកាសបន្ទាប់ពីចូលរួមពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងក្រុមអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» មានសមាជិកចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី «Race Across the World» ក្នុងឱកាសរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ការចុះសំណេះសំណាលនេះ មានគោលបំណង ស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងទេសចរណ៍ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។
ជាមួយគ្នានេះ ក៏មានគោលបំណងជំរុញការប្រើប្រាស់វិស័យភាពយន្ត និងកម្មវិធីកម្សាន្តអន្តរជាតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។
សូមជម្រាបជូនថា កម្មវិធី «Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេងឆ្លងកាត់ប្រទេសនានា ដោយអ្នកចូលរួមត្រូវធ្វើដំណើរក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក ដែលផ្តល់ឱកាសឱ្យពួកគេស្វែងយល់ និងទទួលបទពិសោធន៍ដោយផ្ទាល់ពីជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានាតាមដងផ្លូវ។ ក្នុងដំណើរប្រកួតនេះ កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ កម្មវិធីនេះគ្រោងនឹងចាក់ផ្សាយនៅប្រទេសអេស្ប៉ាញនាពេលខាងមុខ តាមរយៈស្ថាប័នដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិត និងចាក់ផ្សាយកម្មវិធី «Race Across the World» ដ៏វិសេសវិសាលមួយនេះ។
«Race Across the World» គឺជាកម្មវិធីទូរទស្សន៍លំដាប់អន្តរជាតិដ៏ល្បីល្បាញ និងជាម្ចាស់ពានរង្វាន់ BAFTA ដែលតាមដានដំណើរផ្សងព្រេងដ៏អស្ចារ្យ និងពោរពេញដោយការប្រកួតប្រជែងរបស់អ្នកចូលរួមជាគូៗ ទាំងប្រជាជនទូទៅ និងបុគ្គលល្បីៗ ឆ្លងកាត់ប្រទេសជាច្រើន។
អ្នកទស្សនារាប់លាននាក់ក្នុងមួយភាគ (episode)៖ នៅចក្រភពអង់គ្លេស កម្មវិធីនេះត្រូវបានចាក់ផ្សាយតាម BBC និងទាក់ទាញអ្នកទស្សនាជាប្រចាំប្រមាណ ៧ លាននាក់ ដល់ជិត ៨ លាននាក់ក្នុងមួយភាគ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានអ្នកទស្សនាច្រើនបំផុតនៅម៉ោងមាស (Prime Time)។
ជាកម្មវិធីឈានមុខលើតារាង Streaming៖ នៅលើ BBC iPlayer កម្មវិធីនេះជាប់ចំណាត់ថ្នាក់ជាប្រចាំក្នុងចំណោមកម្មវិធីដែលមានការទស្សនាតាមអនឡាញរាប់លានដង ហើយជាញឹកញាប់មានការទស្សនាខ្ពស់ជាងកម្មវិធីភាពយន្តភាគធំៗជាច្រើន៕



