ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) និងចាត់ទុកមន្ទីរពេទ្យនេះ ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺគ្រុនឈាម ជាបច្ចុប្បន្នភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យដែលបាននិងកំពុងជួយសង្រ្គោះកុមារ។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌៕


