ព័ត៌មានជាតិ

អភិបាលខេត្តញ្ជើញ ជាអធិបតីភាពបិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំបន្ត

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បិទសន្និបាត បូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារ និងគណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់តាមរយៈការឆ្លុះបញ្ចាំង និងភិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំគ្រប់គ្រង អប់រំទាំងលើទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាព សម្របសម្រួល និងការអនុវត្តន៍ផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀនស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍធនធានគ្រូបង្រៀន ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះលើកការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ ។ ឯកឧត្តមបានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំដែលអនុវត្តនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩ -២០២៣ មានគោលនយោបាយអប់រំ២គឺ ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន សមធម៌និង បង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ។

ជាមួយគ្នានេះដែរ សន្និបាតអប់រំ ពិតជាបានឆ្លុះបញ្ចាំង អំពីបរិបទនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនិងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ា នៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យអប់រំយុវជននិងកីឡា ជារបស់យើងទាំងអស់គ្នា និង ទាំអស់គ្នា ដើម្បីការអប់រំ ៕

Leave a Reply

Your email address will not be published.