ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម

សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់

ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។

លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។

លោក គង់ វិតាណៈ អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំបាទសូមសម្តែងនូវការគាំទ្រការរៀបចំសិក្ខា សាលាផ្សព្វផ្សាយដល់ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនទាំងអស់ ដើម្បីទទួលបានចំណេះបន្ថែមពីអ្នកជំនាញអញ្ជើញមកពីស្ថាប័ន នានានៃក្រសួងពាណិជ្ជកម្មមកធ្វើបទបង្ហាញបកស្រាយ បំភ្លឺអំពីច្បាប់ពាក់ព័ន្ធទៅនឹងការពិតជាក់ស្តែង។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងចូលរួមគោរពច្បាប់ ដែលបានចែងដោយរាជរដ្ឋាភិបាលយើង ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាសកាសអាជីវកម្ម និងពាណិជ្ជកម្មរបស់ប្រទេសយើងឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងទិសដៅលើកស្ទួយសេដ្ឋកិច្ចជាតិ បង្កើនប្រាក់ចំណូលជាតិ ធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាពទៅមុខជាលំដាប់។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

សភាពាណិជ្ជបានបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បី កាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. , សណ្ឋាគារ និងកាស៊ីណូ ឃ្វីនកូ, ធនាគារ ព្រីនស៍  ម.ក,សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា៕

One Reply to “សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់

Leave a Reply

Your email address will not be published.