ព័ត៌មានអន្តរជាតិ

ការលក់​ប្រេង​របស់​រុស្ស៊ី​ទៅកាន់ ​ប្រទេស​ឥណ្ឌា​​កើន​ទ្បើង​យ៉ាងគំហុគ ​​រយៈពេល​បី​ខែ​ចុង​ក្រោយនេះ

មូស្គូ ៖ ការលក់​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​ប្រទេស​ឥណ្ឌា​ បាន​កើន​ទ្បើង​យ៉ាងគំហុគ​ ឬ​គុណ​នឹង​ប្រមាណ​៥០​ដង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយនេះ ហើយ​ឥឡូវនេះ​មាន​ចំនួន ១០% នៃ​ការនាំ​ចូល​សរុប​របស់​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ដែល​ដកស្រង់​ដោយ The Economic Times ។​ មន្ត្រី​រូបនេះ​បាន​ប្រាប់​អាជីវកម្ម​ឥណ្ឌា​ថា ឥឡូវនេះ​រុស្ស៊ី​ស្ថិតក្នុង​ចំណោម ​អ្នកផ្គត់ផ្គង់​កំពូល​ទាំង ១០ ។​ ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច​លើ​ទីក្រុង​មូ​ស្គូ​បាន​បង្កើត​ឱកាស​ មួយ​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឥណ្ឌា ​ដើម្បី​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុងតម្លៃ​បញ្ចុះតម្លៃ ខណៈដែល​អតិថិជន​អឺរ៉ុប​មួយចំនួន​បាននិងកំពុង​ជៀសវាង​ការទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​។​ ដឹង​ហើយ​ថា មុនពេល​មាន​ជម្លោះ ប្រេង​រុស្ស៊ី​បង្កើតបាន​ត្រឹមតែ ០,២% នៃ​ប្រេង​ទាំងអស់​ដែល​នាំចូល​ដោយ​ឥណ្ឌា​។ រោងចក្រ​ចម្រាញ់​របស់​ប្រទេស​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទិញ​ប្រេង​រុស្ស៊ី​ប្រហែល ២៥ លាន​បារ៉ែល​ក្នុង​ខែឧសភា​។ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ រុស្ស៊ី​បាន​វ៉ា​ដាច់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ក្លាយជា​អ្នកផ្គត់ផ្គង់​ធំ​ទី​ពីរ​របស់​ឥណ្ឌា បន្ទាប់ពី​អ៊ីរ៉ាក់​។​ ប្រទេស​ឥណ្ឌា ដែលជា​អ្នកប្រើប្រាស់​ប្រេង​ធំជាងគេ​ទី ៣ របស់​ពិភពលោក​បាន​រង​ការរិះគន់​ពី​លោកខាងលិច ​ចំពោះ​ការបន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​។ ​ទោះជា​យ៉ាងណាក៏ដោយ ញូវដែលី​បាន​បដិសេធ​ការរិះគន់​នេះ ដោយហេតុ​ផល​ថា​ការ​នាំចូល​ទាំងនោះ​ បង្កើត​បានតែ​ផ្នែក​ខ្លះ​នៃ​តម្រូវ​ការរួម​របស់​ប្រទេស​ប៉ុណ្ណោះ​៕

ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង​ ក្នុងប្រទេស​ន័​រ​វែ​ស ស្លា​​ប់ និងរ​បួ​​សជាង១០នាក់​

អូ​ស្លូ​ ៖ មន្ត្រី​ប៉ូលិសបាន​និយាយថា មនុស្ស ២ នាក់​ស្លាប់ និង​ប្រហែល ១០ នាក់​បាន​រងរបួស នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ផ្ទុះ​ការបាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង នៅ​រដ្ឋធានី Oslo ប្រទេស​ន័​រវេ​ស​។​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ក្លឹប​នោះ​ផងដែរ ខណៈ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​។ ទូរទស្សន៍​ NRK និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សេងទៀត បាន​រាយការណ៍​ថា ការបាញ់ប្រហារ​នេះបាន​កើតឡើង​នៅក្នុង​ទីតាំង London Pub ដែលជា​បារ​ខ្ទើយ និង​ក្លឹប​រាត្រី​ដ៏​ពេញនិយម​នៅ​កណ្តាល​ទីក្រុង​។​ សូមជម្រាបថា ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ និង​រថយន្ត​សង្គ្រោះបន្ទាន់ ក៏ដូចជា​រថយន្ត​ប៉ូលិសមក​ពាសពេញ​ទីក្រុងតែម្ដង​៕

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកមានមនុស្ស ១០២,៩១៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣៧នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១០២,៩១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៨,៧០៨,៧០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤០,៦៤១នាក់ និងជាសះស្បើយឡើងវិញសរុប ៨៤.៣៥លាននាក់៕